ក្នុងកិច្ចសម្ភាសដោយ Reuters សម្តេចធិបតី៖ កងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកត្រាំ

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅ សហរដ្ឋអាម៉េរិក ដោយលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា–ថៃ និងប្រធានបទសំខាន់ៗមួយចំនួនទៀត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងបទសម្ភាសនេះ សម្តេចធិបតីបានថ្លែងថា កងកម្លាំង ថៃ កំពុងកាន់កាប់ទឹកដីរបស់ កម្ពុជា ដោយខុសច្បាប់អន្តរជាតិ ទោះបីជាមុននេះមានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមានការសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។

សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងយន្តការការទូត ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង។

អត្ថបទបទសម្ភាសរបស់ Reuters នេះ ត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើន ដកស្រង់យកទៅផ្សព្វផ្សាយបន្តនៅតាមបណ្តាប្រទេសនានា រួមមាន សហរដ្ឋអាម៉េរិក ជប៉ុន កាណាដា ឥណ្ឌា សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី ជាដើម ដែលបានធ្វើឱ្យបញ្ហាព្រំដែនកម្ពុជា–ថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ៕