ពិធីប្រកាសចូលកាន់តំណែង និងផ្លាស់ប្តូរស្នងការក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯ.ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងសាលាខេត្តបន្ទាយមានជ័យ មានប្រារព្ធពិធីប្រកាសចូលកាន់តំណែង និងផ្លាស់ប្តូរស្នងការក្រោមអធិបតីភាព ឯ.ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯ.ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯ.ឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯ.ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

សូមជម្រាបផងដែរថា៖ កាលពីកន្លងទៅថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ មកជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។

ក្នុងអនុក្រឹត្យនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ មុនត្រូវបានតែងតាំងជាស្នងការ លោកមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕
អត្ថបទដោយ : លោក ងន ចាន់ងីម និពន្ធនាយក អង្គភាពសារព័ត៌មាន BMC post.