បន្ទាយមានជ័យ : ប្រជាពលរដ្ឋភៀសសឹក មកពីភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គី ចំនួន ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានចាប់ឆ្នោតជំហានដំបូងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦កន្លងមក បានបន្តរៀបចំមកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន មួយគ្រួសារទទួលបានផ្ទះ១ខ្នង ៥ម៉ែត្រ គុណ៧ម៉ែត្រ ក្នុងទំហំផ្ទៃដី ២០គុណ ៣០ម៉ែត្រ ដែលរាជរដ្ឋាភិបាលសាងសង់រួចរាល់ជាជំហានទី១ ជាបណ្តើរៗស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។
សូមបញ្ជាក់ថា : ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ជូនប្រជាពលរដ្ឋភៀសសឹក ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ នៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ក្រោមអធិបតីភាពពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុំ រាត្រី គណ:អភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជនដែលបងប្អូនជនភៀសសឹកស្នាក់នៅ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក និងមានភ្លើងប្រេីប្រាស់គ្រប់គ្រាន់។ ដេីម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹក រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូនរយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។
បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធជន ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននឹងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕
ដោយ : លោក កែវ សំបឿន













