រ៉េចង្កូតបុកនឹងរនាំងផ្លូវ បង្កឲ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅលើផ្លូវល្បឿនលឿន បណ្តាលឲ្យស្ត្រីម្នាក់នៅកំពង់ធំ…

កំពង់ស្ពឺ៖ រថយន្តគ្រួសារ១គ្រឿង ម៉ាកឡង់គ្រីស័រពណ៌ស ផ្ទុកមនុស្ស៧នាក់ បាន​រ៉េចង្កូតទៅបុកនឹងរនាំងផ្លូវ បង្កឲ្យ​ឆេះរថយន្តយ៉ាងសន្ធោសន្ធៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និង៦នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ១១:៤៨នាទីថ្ងៃត្រង់ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តជួបឧបទ្ទវហេតុខាងលើនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BM-9888 បានរ៉េចង្កូតទៅបុកនឹងរនាំងផ្លូវ បង្កឲ្យ​ឆេះលើផ្លូវល្បឿនលឿន ចន្លោះ​គីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ត​កំពង់ស្ពឺ។

ប្រភពពីមន្ត្រីមូលដ្ឋានបញ្ជាក់ថា រថយន្តនេះ បានធ្វើដំណើរបើកបរមកពីខេត្តព្រះសីហនុពីទិសខាងលិច​ ទៅទិស​ខាង​កើតរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកនឹងរនាំងផ្លូវ បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

សមត្ថកិច្ចមូលដ្ឋានឱ្យដឹងទៀតថា ជនរងគ្រោះក្នុងហេតុការណ៍នេះសរុបមាន​ចំនួន ៧នាក់​ក្នុងនោះមាន៖ ១- អ្នកបើកបរឈ្មោះ ជា ប៉ូលីន ភេទស្រី អាយុ ៣៨ឆ្នាំ, ២-ឈ្មោះ ស៊ីវ អ៊ី ភេទស្រី អាយុ ៣១ឆ្នាំ, ៣- ឈ្មោះ ចេង ណៃស៊ត ភេទស្រី អាយុ ៦៦ឆ្នាំ, ៤- ឈ្មោះ ជា ឆោម ភេទប្រុស អាយុ ៧៧ឆ្នាំ, ៥- ឈ្នោះ អ៊ឹង ស៊ុយឈៀង ភេទប្រុស អាយុ ១៥ឆ្នាំ,៦- ឈ្មោះ អ៊ឹង ស៊ុយហ្គិច ភេទស្រី អាយុ ១០ឆ្នាំ អ្នកទាំង ៦នាក់ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៧. ឈ្មោះ សូរ ដារ៉ាគន្ធី ភេទស្រីអាយុ ៤៥ឆ្នាំ រស់នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានស្លាប់ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

ក្រោយកើតហេតុ រថយន្តត្រូវបានចរាចរណ៍នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ យកទៅរក្សាទុក ដើម្បីចាត់នីតិវិធីបន្ត។ ដោយឡែកសពជនរងគ្រោះ បានប្រគល់ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕