មូលហេតុដែល លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្លាស់ប្ដូរដោយបង្ខំឲ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ

តាកែវ :  លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្លាស់ប្ដូរដោយបង្ខំឲ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ នៅក្នុងលិខិតរបស់ ឯ.ឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា។

រដ្ឋមន្រ្តីក្រសួងអប់រំ បានសម្រេចថា ៖

ទី១- ធ្វើការផ្លាស់ដោយបង្ខំលោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ឱ្យទៅបម្រើការងារនៅអង្គភាពក្រោមឱវាទមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ។

ទី២- បង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នវិទ្យាល័យ «ជាស៊ីមតាកែវ» ដែលដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិការថ្មី។

ទី៣- លោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបង្វែរសាច់ប្រាក់ចំនួន ៣៤,១១២,៦០០រៀល ចូលថវិកាសាលា។

  លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ពិតជាមានការផ្លាស់ប្ដូរនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ពិតប្រាកដមែន ហើយករណីនេះគឺយោងទៅតាមលិខិតរបស់ក្រសួងអប់រំ និងមានការពិភាក្សាជាមួយអភិបាលខេត្ត និងអភិបាលរងខេត្តទទួលបន្ទុក ដោយសម្រួលភារកិច្ចលោក ទ្រី ឆាយ ឲ្យមកបម្រើការងារនៅមន្ទីរអប់រំ។ បើតាមលោកប្រធានមន្ទីរអប់រំ, ការផ្លាស់ប្ដូរលោកនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» គឺពាក់ព័ន្ធទៅនិងនីតិវិធី នៃការប្រើប្រាស់ថវិការបស់សាលា៕