ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺក្រៅ របស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ព្រះនេត្រព្រះ : យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦  ខែកុម្ភៈ ឆ្នាំ២០២៦  មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួល និងគាំទ្រពីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺក្រៅ របស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែល ជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ  ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ ។

ក្រៅពីនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណ ដល់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលតែងតែជួយគាំទ្រក្នុងជួសជុល ពង្រីក និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ របស់មូលដ្ឋានសុខាភិបាល និងដោយឡែកក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងរៀបចំពិធីសម្ពោធនាពេលនេះផងដែរ និងសូមឱ្យសមាគម នៅតែបន្តជួយផ្តល់ការគាំទ្របន្ថែមទៀត។

អគារពិនិត្យពិគ្រោះជំងឺក្រៅ របស់នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយលើការជួសជុលចំនួន ២៤៧.០៣១ដុល្លារ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ ចំណាយថវិកាចំនួន ៧០,៦៤៩ដុល្លារ ដែលសរុបទឹកប្រាក់រួមចំនួន ៣១៧.៦៨០ដុល្លារ  ជាជំនួយសមាគមនិកាយសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកប្រធានតំបន់អាស៊ីរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបប្រមាណ ៨២០នាក់៕