មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួន…

កំពត : នៅថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ បើយោងតាមសារបង្ហោះស្នងការដ្ឋាននគរបាលខេត្តកំពត មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល និងតេស្តរកឃើញប្រើប្រាស់សារធាតុញៀន ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។

មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៌ល្អជាមួយពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើពលរដ្ឋ ឬធ្វើបានពលរដ្ឋនោះទេ ។
សំរាប់មន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគម្រូតាមបុគ្គលខាងលើនេះជាដាច់ខាត ក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្វើរបាយការណ៍ និងសំណើរទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះ ទេព សុខផេង នេះចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត ៕