ករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកភ្ជង់ប្លន់នៅក្រុងប៉ោយប៉ែត គឺជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួនបានហើយ !

បន្ទាយមានជ័យ : អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធស្នងការនៃស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកដាក់បទបញ្ជា លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការធ្វើការបង្ក្រាបបទល្មើលក្មេងទំនើងបង្កការអសន្តិសុខនិងកាប់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋជាដើមព្រមទាំងបទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្លៀងរលឹម ដូចជាង្ក្រាបករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួនហើយនៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤និង១៧នាទីទាបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើង នៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យមួយក្រុម ជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានធ្វើសកម្មភាពយកអាវុធខ្លីភ្ជង់ និងបាញ់គំរាម ហើយឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំង។ សម្ភារ:បាត់បង់រួមមាន៖ កាបូបស្ពាយចំនួន១ ក្នុងនោះមានលុយសរុប ជិត៣០០០ដុល្លារ)។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង អនុវត្តន៍តាមបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញអធិការក្រុង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងស្នងការខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
១.ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន
២. ឈ្មោះ ALI HASSAN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន ឃាត់ខ្លួនត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ​ ភូមិចែងម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ក្រុមជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពួកខ្លួនមានគ្នាចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួន១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយ នៅចំណុចការ៉ាសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី និងកំពុងស្រាវជ្រាវជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត៕ ដោយ : ណារ៉ា