ចាប់បានហើយ !!! ក្រុមក្មេងទំនើងដេញកាប់ ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ កាលពីពេលថ្មីៗនោះ …

ប៉ោយប៉ែត: យោងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ ភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័យដេញកាប់ប្លន់យកម៉ូតូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺ ចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅចំនុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល សរុបចំនួន ០៦នាក់ប្រុស ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅចំនុចខាងលើ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ បានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕