អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន សរុបចំនួន០៤នាក់ ស្រី០២នាក់

ប៉ោយប៉ែត : ក្រោយពីទទួលពាក្យបណ្តឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១២:០០នាទី តាមរយ:ទូរស័ព្ទរបស់ប្រជាពលរដ្ឋប្រាប់ថា មានក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចជិតសាលាដុនបូស្កូ (DONBOSCO) ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដោយមានបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ស្រី០២នាក់ (ជនជាតិចិនចំនួន០១នាក់ប្រុស , ជនជាតិវៀតណាមចំនួន០២នាក់ស្រី និង ជនជាតិខ្មែរចំនួន០១នាក់ប្រុស)។
វត្ថុតាងដកហូតរួមមាន ៖
១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ២១កូនថង់តូច ។
២.ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀន ពណ៌ក្រហមមានអក្សរ WY ចំនួន ២០២គ្រាប់ (ក្នុងនោះមានពណ៌បៃតងចំនួន០២គ្រាប់) និងកំទេចថ្នាំមួយកូនថង់ ។
៣.បារីអេឡិចត្រូនិចចំនួន០៥ដើម ។
៤.ដបទឹកសម្រាប់ច្រកចូលក្បាលវ៉ែប ចំនួន១៤ដប និងសម្ភារ:មួយចំនួន ។

កម្លាំងជំនាញបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលជនសង្ស័យទាំង០៤នាក់វិជ្ជមាន(+) បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕